សុខភាព និងសម្រស់
គ្រោះថ្នាក់ជាយថាហេតុនៃការប្រើប្រាស់ទូរស័ព្ទដៃ
រូបភាពពីហ្គូហ្គល
កុមារក្រោមអាយុ ១២ឆ្នាំមិនត្រូវប្រើទូរស័ព្ទដៃទេ ! នេះជាសេចក្តីអំពាវនាវរបស់ លោកសាស្ត្រា ចារ្យ David Servan-Schreiber និង ក្រុមគ្រូពេទ្យចំនួន ១៩នាក់ ផ្សេងទៀត ដែលភាគច្រើនមានឯកទេសផ្នែកជំងឺមហារីក។ អ្នកវិទ្យាសាស្ត្រទាំងនេះ បានចុះហត្ថលេខាព្រមព្រៀង ផ្សព្វផ្សាយជាសាធារណៈ សេចក្តីប្រកាសមួយ ស្តីពីគ្រោះថ្នាក់ជាយថាហេតុនៃការប្រើប្រាស់ទូរស័ព្ទដៃ។ តើទូរស័ព្ទដៃពិតជាអាចបង្កគ្រោះថ្នាក់ដល់សុខភាពកុមារ និង ជនទូទៅ ដល់កំរិតណា ? តើត្រូវធ្វើដូចម្តេចទើបអាចចៀសវាងបាន ឬត្រូវឈប់ប្រើ ទូរស័ព្ទដៃ ? ឈឺក្បាល ធ្ងន់ត្រចៀក ចាក់ស្កៀបរមាស់លើស្បែក នៅពេលកំពុងប្រើទូរស័ព្ទ តើមកពីមូលហេតុអ្វី ? ឬក៏មកពីមូលខាំមិនដឹងពេលយើងរវល់និយាយ ?! ញាក់ត្របកភ្នែក ខាងស្តាំ ឬខាងឆ្វេង ខាងស៊យ ខាងណាហេង ?! នៅក្មេងនៅឡើយតែឆាប់ ភ្លេចភ្លាំងជាងមនុស្សចាស់សម័យមុន ឆាប់បាត់បង់ការប្រមូលផ្តុំអារម្មណ៍ ឬ ហឹងត្រចៀក ។ល។ និង ។ល។ មិនមែនចៃដន្យទេ ! អាការៈដែលនាងខ្ញុំរៀបរាប់ អំបាញ់មិញនេះ គឺអាចជាឥទ្ធិពលខ្លះដែលបង្កឡើងដោយសារទូរស័ព្ទ។ ទំនងជានៅមានគ្រោះថ្នាក់ខ្លាំង និង ធ្ងន់ធ្ងរជាងនេះទៀត។
បណ្តាជន ទូទៅត្រូវយល់ថា ការប្រើប្រាស់ទូរស័ព្ទដៃប្រាកដជាបង្កឲ្យមានផលវិបាកអ្វីមួយទៅ ថ្ងៃក្រោយមិនខានឡើយ ! នេះ ជាសារដ៏សំខាន់មួយដែលលោកសាស្ត្រាចារ្យ David Servan-Schreiber ចង់ឲ្យប្រិយមិត្តចងចាំ។ លោកសាស្ត្រាចារ្យ និង លោកវេជ្ជបណ្ឌិត Thierry Bouilletព្រមទាំងក្រុមគ្រូពេទ្យមួយចំនួនធំមានឯកទេសផ្នែកជំងឺ មហារីក បានចុះហត្ថលេខាព្រមគ្នា ចេញសេចក្តីប្រកាសអំពាវនាវមួយឲ្យធ្វើការប្រុងប្រយ័ត្ននឹង គ្រោះថ្នាក់ជាយថាហេតុ នៃការប្រើប្រាស់ទូរស័ព្ទដៃ។ ក្នុងពេល រង់ចាំសេចក្តីសន្និដ្ឋានសរុបចុងក្រោយស្តីពីគ្រោះថ្នាក់របស់ ទូរស័ព្ទដៃ ក្រុមគ្រូពេទ្យហត្ថលេខីនៃសេចក្តីអំពាវនាវនេះ បានលើកឡើង ពីគ្រោះថ្នាក់ដ៏ធំធេងរបស់ទូរស័ព្ទដៃ ជាពិសេសចំពោះកុមារដែលមានអាយុក្រោម ១២ ឆ្នាំ និងបានចេញវិធានការណែនាំជាមួយផង។
ចំពោះក្រសួងសុខាភិបាល បារាំង រហូតមកទល់ពេលនេះ ម៉ោងនេះ ពុំទាន់មាន ភស្តុតាងវិទ្យា សាស្ត្រណាមួយបញ្ជាក់ពីគ្រោះថ្នាក់ធំដុំគួរឲ្យកត់ សំគាល់ទេ។ ប៉ុន្តែ សំរាប់ក្រុមអ្នកស្រាវជ្រាវ ដែលសុទ្ធសឹងជាគ្រូពេទ្យឯកទេសជំងឺមហារីក មានលោកសាស្ត្រាចារ្យ David Servan-Schreiber ជាសាស្ត្រាចារ្យវេជ្ជសាស្ត្រ ផ្នែកផ្លូវចិត្ត ជាអ្នកផ្តើមគំនិត បានគូសបញ្ជាក់ថា មានភស្តុតាងវិទ្យាសាស្ត្រច្រើនគ្រប់គ្រាន់គួរឲ្យព្រួយបារម្ភ ស្តីពីគ្រោះថ្នាក់ នៃការប្រើប្រាស់ទូរស័ព្ទដៃ។ ហើយគ្រោះថ្នាក់នោះសោតជាគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ដែលយើងមិនគួរបណ្តែតណ្តោយឡើយ។ លោកសាស្ត្រាចារ្យ បានធានាអះអាងថា អ្វីដែលលោកលើកឡើងទាំងអំបាលមានមិន មែនក្នុងន័យបង្អាប់បណ្តុះ ក្រុមហ៊ុនផលិតទូរស័ព្ទឡើយ តែជាការជួយជំរុញលើកទឹកចិត្តឲ្យអភិវឌ្ឍការផលិតទូរស័ព្ទថ្មីៗទៀត ប្រកបដោយសុវត្ថិភាពខ្ពស់សំរាប់សុខភាពសាធាណៈ ហើយលោកក៏មិនប្រឆាំងនឹងការប្រើប្រាស់ទូរស័ព្ទដែរ រូបលោកផ្ទាល់ក៏ប្រើទូរស័ព្ទ និងព្រមទាំងមានជំងឺមហារីកខួរក្បាលជាប់ខ្លួនផង តែការប្រើប្រាស់ទូរស័ព្ទដៃ ពិតជាអាចបង្កគ្រោះថ្នាក់សុខភាព ហើយយើងអាចរកមធ្យោបាយការពារបាន។ នេះបើតាមការអះអាងរបស់លោកសាស្ត្រាចារ្យ David Servan-Schreiber ដដែល។
ជាច្រើនឆ្នាំមកហើយដែលចំណោទជុំវិញសុវត្ថិភាព និង គ្រោះថ្នាក់នៃការប្រើប្រាស់ទូរស័ព្ទដៃបានក្លាយជាកង្វល់ធំមួយ របស់អ្នកស្រាវជ្រាវ និងក្រុមអ្នកវេជ្ជសាស្ត្រ។ តើទូរស័ព្ទដៃពិតជាមានគ្រោះថ្នាក់ដល់សុខភាពមែនឬ ? កាលពីឆ្នាំ ២០០០ អ្នកស្រាវជ្រាវបានរកឃើញថាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាចាប់ រលកសម្លេងទំនងជាបង្កគ្រោះថ្នាក់ផ្ទាល់ដល់ខួរក្បាល។ ប្រសិនបើនិយាយទូរស័ព្ទដៃយូរ ជាប់រយៈពេលប្រមាណ២០នាទីជាប់ឥតឈប់ នោះនឹងធ្វើឲ្យផ្នែកខាងក្រៅត្រចៀកឡើងសីតុណ្ហភាព។ ដូច្នេះសំរាប់អ្នកឯកទេសជាច្រើន នៅពេលប្រើប្រាស់ទូរស័ព្ទដៃនេះយូរៗទៅ អាដេអិន របស់កោសិកាខួរក្បាល នឹងចុះទន់ខ្យោយ ខូចខាតរហូតបង្កទីជាដុំសាច់ប្រភេទមហារីក។ ការសិក្សាដែល មានពីមុនៗមក ពុំគ្រប់គ្រាន់សំរាប់សរុបសេចក្តីថា ទូរស័ព្ទដៃពិតជាមូលហេតុចំបងនៃគ្រោះកើតដុំសាច់ប្រភេទមហារីក និងធ្វើឲ្យខូចសុខភាពឡើយ ប៉ុន្តែការសិក្សាចុងក្រោយវិភាគឃើញថា នៅពេលកំពុងនិយាយទាក់ទងគ្នា ដែនម៉ាញេទិញដែលទូរស័ព្ទដៃបញ្ចេញនោះ អាចជ្រាបចូលទៅក្នុងខ្លួនមនុស្សដោយពិតជាក់ស្តែង ទោះជាដែនម៉ាញេទិច មានកំរិតស្របនឹងបទដ្ឋានសំរាប់រក្សាសុវត្ថិភាពក៏ដោយ។ ដែនម៉ាញេទិច ជ្រាបចូលក្នុងខួរក្បាល ធ្វើឲ្យមានការសំយោគចេញជាប្រូតេអ៊ីនច្រើន បង្កបង្កើតឲ្យមានstress។ ដែនម៉ាញេទិចអាចជ្រាបចូលក្នុងខ្លួនមនុស្សជាពិសេសត្រង់ខួរក្បាល ដូច្នេះហើយបានជាកុមារអាចទទួលរងគ្រោះខ្លាំងជាងមនុស្សចាស់ ព្រោះខួរក្បាលកុមារមានទំហំតូចនៅឡើយ។
ការប្រើប្រាស់ ទូរស័ព្ទដៃ អាចជួយជំរុញឲ្យមានជាដុំសាច់ -ដុំសាច់របស់ស្រោមសសៃប្រសាទវិវត្តិយូរៗទៅ ទៅជាមហារីក និងជំរុញឲ្យមានជំងឺមហារីកខួរក្បាលជាពិសេសនៅផ្នែកខាងត្រចៀក ស្តាប់ទូរស័ព្ទច្រើន។ បើតាមអ្នកស្រាវជ្រាវជនជាតិ ស៊ុយអែត គ្រោះកើតដុំសាច់ប្រភេទមហារីក នៅផ្នែក ខាងដាក់ទូរស័ព្ទស្តាប់ឡើងគុណទ្វេជាពីរក្នុងរយៈពេលនៃការ ប្រើប្រាស់ទូរស័ព្ទតែ ១០ឆ្នាំប៉ុណ្ណោះ។ អ្នកស្រាវជ្រាវអាមេរិកបានបន្ថែមទៀតថា កុមារអាចនឹងជួបគ្រោះកើតជំងឺមហារីកឈាម ដោយសារការកើនឡើងនៃចំនួនគ្រាប់ឈាមស។
ដូច្នេះក្នុងពេលដែល ការសិក្សាស្រាវជ្រាវបានពុំទាន់អាចជូនលទ្ធផលជាក់ស្តែងជាផ្លូវ ការ លោកសាស្ត្រាចារ្យសូមណែនាំដល់ឪពុកម្តាយព្រមទាំងអ្នកប្រើប្រាស់ ទាំងឡាយឲ្យប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំខាងក្រោម ដើម្បីការពារសុខភាពសំរាប់ថ្ងៃអនាគត។
លោកសាស្ត្រាចារ្យ និង ក្រុមហត្ថលេខីនៃសេចក្តីអំពាវនាវស្តីពីគ្រោះថ្នាក់នៃ ទូរស័ព្ទដៃ សូមផ្តល់ដំបូន្មានដល់អ្នកប្រើប្រាស់ទូរស័ព្ទដៃទាំងអស់ ឲ្យគោរពតាមវិធានការការពារសំខាន់ៗទាំង ឡាយ សំរាប់មនុស្សពេញវ័យ និង សំរាប់កុមាររួមមាន ៖
- មិនត្រូវអនុញ្ញាតឲ្យកុមារអាយុក្រោម ១២ ឆ្នាំនិយាយទូរស័ព្ទដៃទេ លើកលែងតែករណីបន្ទាន់ខ្លាំង ឬ រហូតដល់អាយុ១៥ឆ្នាំរឹតតែប្រសើរ។
និយាយ ទូរស័ព្ទដៃ ដាក់ជាប់ត្រចៀក គួរតែមានរយៈពេលខ្លី។ បីនាទីយ៉ាងយូរបំផុត។ ហើយសាកល្បងដាក់ទូរស័ព្ទឲ្យឆ្ងាយពីត្រចៀក-បានកាន់តែឆ្ងាយកាន់តែ ប្រសើរ ឬពុំដូច្នោះទេ បើកសម្លេងឲ្យឮខ្លាំង ឬប្រើប្រដាប់ស្តាប់ពាក់នៅនឹងត្រចៀក និងត្រូវប្តូរត្រចៀកស្តាប់ឲ្យបានញឹក ញាប់។
- គួរចៀសវាងកុំប្រើទូរស័ព្ទនៅពេលជិះឡាន ជិះមូតូ ក្នុងរទេះភ្លើង ឬ ដើរបណ្តើរនិយាយបណ្តើរ នៅទីកន្លែងប្រជុំជន មានសម្លេង និងចរាចរណ៍ច្រើន កន្លែងដែលអាចមានដែនម៉ាញេទិចជុំវិញខ្លួន។
- លោកស្រី Catherine Gouhier បានចូលរួមចំនែកជាមួយលោកសាស្ត្រាចារ្យ David Servan-Schreiber ដោយពន្យល់ថា តោងកុំដាក់ទូរស័ព្ទជាប់នឹងខ្លួនអី។ ចំពោះបុរសបើដាក់ទូរស័ព្ទនៅហោបៅខោមុខ បុរសនោះអាចនឹងជួបជំងឺអត់កូន និងមិនត្រូវដាក់នៅជិតបេះដូងទេ។
- ដំបូន្មានចុងក្រោយ ដែលលោកសាស្ត្រាចារ្យសូមផ្តែផ្តាំ សូមកុំចុចបញ្ជូនភ្លាម លើកដាក់ផ្អិបនឹងត្រចៀកស្តាប់ភ្លាម ពោលគឺត្រូវរង់ចាំ ដៃគូសន្ទនាលើក « អាឡូ »សិន សឹមយកមកដាក់ក្បែរត្រចៀកស្តាប់ និងនិយាយ។
កម្តៅថ្ងៃបង្កើនកម្រិតវីតាមីន D
ការដែលស្បែកយើងត្រូវកម្តៅថ្ងៃចំពេលកំពុងក្តៅខ្លាំងដោយមិន មានការប្រើក្រែមការពារស្បែក ឬឡេការពារស្បែក គឺជាល្អសម្រាប់ខ្លួនយើង នេះបើតាមដំបូន្មានរបស់ក្រុមអ្នកជំនាញបានប្រាប់ការផ្សាយ របស់វិបសៃថ៍ Telegraph ចេញផ្សាយកាលពីថ្ងៃពុធនេះ។ ក្រុមជំនាញនេះបានឲ្យដឹងថា ការសំដិលខ្លួនឲ្យត្រូវពន្លឺថ្ងៃពី ១០ ទៅ ១៥ នាទី នឹងជួយបង្កើនកម្រិតវីតាមីន D។ ចំណែកឯក្រុមអ្នកវិទ្យាសាស្ត្រក៏បានលើកឡើងថា កង្វះខាតវីតាមីន D វានឹងបណ្តាលឲ្យអ្នកកើតជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែមប្រភេទ២ ព្រមទាំងជំងឺមហារីកជាច្រើនមុខ ក៏ជាធ្វើឲ្យមនុស្សពេញវ័យមានឆ្អឹងមិនរឹងមាំ៕
ប្រេងត្រីមិនបានបង្កើនល្បឿនបញ្ចុះទម្ងន់ទេ
រូបភាពពីហ្គូហ្គល
របាយ ការណ៍ស្រាវជ្រាវថ្មីដែលបានចុះផ្សាយនៅលើ American Journal of Clinical Nutrition រាយការណ៍ឲ្យដឹងថា ប្រេងត្រីមិនបានបង្កើនល្បឿនរបស់អ្នកបញ្ចុះទម្ងន់បានឆាប់ នោះទេ។ ក្នុងចំណោមក្រុមដែលមានលើសទម្ងន់ និងអ្នកដែលមានអាយុនៅក្មេងប៉ុន្តែធាត់ដុះក្បាលពោះតែងតែតម ចំណីអាហារ ឬការទទួលអាហាររបស់គេមានភាពប្រិតប្រៀន និងគោរពពេលវេលាសម្រាប់ការហាត់ប្រាណជាដើម។ ពួកគេទាំងនេះសុទ្ធសឹងតែមានជាតិអាស៊ីដដែលទទួលបានមកពី Omega-3 កត្តានេះហើយបណ្តាលឲ្យទម្ងន់របស់គេស្រក។ នេះបើតាមលោកស្រីបណ្ឌិត Laura F. DeFina មកពី The Cooper Institute ក្នុងរដ្ឋដាឡាស និងសហការីរបស់លោកស្រីបណ្ឌិតរកឃើញ។ មានភស្តុតាងដែលពួកគេបានធ្វើការសិក្សាទៅលើសត្វ ដែលមានផ្ទុក Omega-3។ ក្រុមរបស់លោកស្រីបណ្ឌិត និងសហការីបានកត់សម្គាល់ទៅលើមនុស្សដែលមានលទ្ធផលលាយចម្រុះ គ្នា។ ពីព្រោះតែប្រេងត្រីមានសក្តានុពលជាច្រើនដល់សុខភាព រាប់បញ្ចូលការកាត់បន្ថយកូឡេស្តេរ៉ូល ធ្វើឲ្យអាំងស៊ុយលីនមានភាពប្រសើរឡើង កាត់បន្ថយមិនឲ្យសម្ពាធឈាម ហើយការបញ្ចុះទម្ងន់គឺមានជាប់ទាក់ទងនឹងការប្រើប្រាស់ Omega-3 ៕
ប្រការគួរយល់ដឹង៣យ៉ាងដើម្បីសុខភាព
- ទទួលទានខ្ទឹមក្រហមច្រើនពេក ជាដើមហេតុបណ្តាលឲ្យអ្នកភ្លេចភ្លាំងច្រើនៈ ខ្ទឹមក្រហម មិនគ្រាន់ជាគ្រឿងផ្សំសម្រាប់មកធ្វើជាម្ហូបអាហារដ៏មានឱជារស ដ៏ឆ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងអាចយកមកព្យាបាលកែរោគបញ្ចុះព្រូន បំបាត់អាការហើម ឆ្អល់ពោះ ឈឺចុកចាប់ដោយសារការមករដូវរបស់ស្រ្តីផងដែរ។ តាមការស្រាវជ្រាវដោយក្រុមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា ការទទួលទានខ្ទឹមក្រហមច្រើនពេក វាមិនបានផ្តល់នូវផលល្អចំពោះសុខភាពទេ វាថែមទាំងធ្វើឲ្យក្លិនខ្លួនរបស់អ្នកមិនល្អ ជាពិសេសធ្វើឲ្យអ្នកភ្លេចភ្លាំង និងកើតអាការស្រវាំងភ្នែក៕
- មនុស្សជាច្រើននៅពេលដែលកំពុងគេង តែងតែស្រមុក បើទោះបីជាអ្នកបានទទួលទានទឹកក្តៅឧណ្ណៗក៏ដោយ។ ដើម្បីជួយឲ្យអ្នកបំបាត់ការស្រមុកពេលអ្នកកំពុងគេង សូមទានទឹកក្តៅឧណ្ណៗ លាយជាមួយទឹកឃ្មុំ ឬឆុងទឹកដោះក្តៅ៕
- ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Barcelona ប្រទេស អេស្ប៉ាញបានរកឃើញថា ការទទួលទានកាហ្វេ លាយជាមួយនឹងស្ករនៅពេលតែមួយ គឺជាកត្តាមួយជំរុញឲ្យខួរក្បាលចងចាំ និងការយកចិត្តទុកដាក់ល្អជាងមុន៕
តំណរភ្ជាប់ សុខភាព និងសម្រស់